- - - - - - - - - - - - - - - - -
លោក ឈាង វុន អ្នកនាំពាក្យឲ្យតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានៅរដ្ឋសភាបានថ្លែងកាលពីថ្ងៃអង្គារថាលោក កឹម សុខា តំណាងរាស្រ្តមកពីមណ្ឌលខេត្តកំពង់ចាមនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតែលាលែងពីតំណែង ប្រសិនបើករណីអាស្រូវស្នេហាជារឿងពិត ដោយគំរាមថានឹងបង្កើតគណៈកម្មការស៊ើបអង្កេតមួយលើករណីនេះ។លោក ឈាង វុន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលទទួលញត្តិរបស់ក្រុមយុវជនប្រឆាំងនឹងលោក កឹម សុខា ថាប្រសិនបើអាស្រូវស្នេហាជារឿងពិត លោក កឹម សុខា រំលោភ”តម្លៃស្រ្តីខ្មែរនិងសិទ្ធិនារី” ដោយលោកចាត់ទុកថាជា”គ្រោះថ្នាក់មែនទែន”។ លោកបន្ថែមថាករណីនេះជាការរំលោភច្បាប់ឯកពន្ធភាព(ប្តីមួយប្រពន្ធមួយ)ទៀតផង។លោក ឈាង វុន ដែលជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា គំរាមថាគណៈកម្មការអចិន្រ្តៃយ៍នៃរដ្ឋសភាមានសិទ្ធិបង្កើតគណៈកម្មការស៊ើបអង្កេតរឿងនេះនៅក្នុងរដ្ឋសភា។ លោកផ្តល់យោបល់ថាលោក កឹម សុខា ត្រូវតែលាលែងពីតំណាងរាស្រ្ត ប្រសិនបើអាស្រូវស្នេហាជារឿងពិត។
- - - - - - - - - - - - - - - - -
ប្រភព៖VOD