- - - - - - - - - - - - - - - - -
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃសុក្រទី៣១ ខែមីនា នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ក្រសួងមហាផ្ទៃកំពុងសិក្សាការចេញ សំបុត្រកំណើតប្រភេទថ្មី សម្រាប់កូនជនបរទេសបែបអន្តោប្រវេសន៍ ដែលកើតនៅកម្ពុជា។ សំបុត្រកំណើតថ្មីនេះ នឹងបញ្ជាក់សញ្ជាតិដើមនៃកូនជនបរទេសហើយប្រើជំនួស សំបុត្របញ្ជាក់កំណើតបច្ចុប្បន្ន ដែលមេឃុំ ចៅសង្កាត់ ធ្លាប់ចេញសញ្ជាតិខ្មែរដោយខុសច្បាប់ ជូនកូនៗរបស់ជនអន្តោប្រវេសន៍បរទេស អស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ។អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងថា លោកនឹងដាក់សំណើរមួយទៅ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីចេញ សំបុត្រកំណើតប្រភេទថ្មីមួយ សម្រាប់ប្រើប្រាស់ចំពោះ កូនៗជនបរទេសបែបអន្តោប្រវេសន៍ ដែលកើតនៅលើទឹកដីកម្ពុជា។ ក្នុងសំបុត្របញ្ជាក់កំណើតថ្មីនេះ នឹងប្រើប្រាស់នៅពេលចុះឈ្មោះដោយ ឪពុកម្តាយត្រូវសរសេរដាក់ថា «ជនអន្តោប្រវេសន៍» ហើយកូន (ទើបនឹងកើត) ត្រូវសរសេរសញ្ជាតិដើមសិន ដរាបណា ពួកគេទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ទើបប្ដូរដាក់ថាជា «សញ្ជាតិខ្មែរ» វិញ។
- - - - - - - - - - - - - - - - -
ប្រភព៖RFI
http://km.rfi.fr/cambodia/khmer-nationality-identity-31-03-2017