- - - - - - - - - - - - - - - - -
គណបក្សសង្រ្គោះជាតិ បានកោះប្រជុំគ្នា និងសម្រេចលុបចោលពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ”។ ការសម្រេចលុបចោលជាបន្ទាន់នេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ យល់ឃើញថា វាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ។ ក៏ប៉ុន្តែ បក្សប្រឆាំង នៅតែរក្សាចំនួនអ្នកដឹកនាំក្បាលម៉ាស៊ីនរបស់ខ្លួនឲ្យនៅដដែល។ នេះគឺជាការសម្រេចរបស់គណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវលុបពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ចាប់ពីពេលនេះតទៅ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បញ្ជាក់ប្រាប់RFI ថា បក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការពីលុបពាក្យស្លោកនេះរួចហើយ ហើយបក្សសង្គ្រោះជាតិ នឹងសរសេរលិខិតផ្លូវការ ផ្ញើជូនក្រសួងមហាផ្ទៃថែមទៀត។ ទន្ទឹមងនេះ លោក យ៉ែម បុញ្ញឫទ្ធិ សង្ឃឹមទៀតថា បន្ទាប់ពីការលុបពាក្យស្លោកនេះចោល គឺនឹងលែងមានបញ្ហាចម្រូងចម្រាស់ជាមួយក្រសួងមហាផ្ទៃទៀតហើយ។
- - - - - - - - - - - - - - - - -
ប្រភព៖វិទ្យុបារាំងRFI
http://km.rfi.fr/cambodia/cnrp-head-leader-slogan-rfi-oudom-02-04-2017