- - - - - - - - - - - - - - - - -
អ្នកយកព័ត៌មានរបស់សម្លេងខ្មែររួបរួមជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៧ សហជីវិន ទា ចំរ៉ាត់ ប្រធានកិត្តិយស គណបក្សខ្មែររួបរួមជាតិ អមដោយក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ ក្នុងស្រុកឱរ៉ាល់ ដោយពាំនាំនូវការសាកសួរទុក្ខទុកពីសហជីវិន ញឹក ប៊ុនឆៃ និងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ ក្នុងមនោសញ្ចេតនា នឹករលឹក និងរាប់អានដ៏ជ្រាលជ្រៅ ។សហជីវិន ទា ចំរ៉ាត់ បានទទួលការលើកទឹកចិត្តនិងកក់ក្តៅជាខ្លាំង នៅក្នុងឱកាសដែលបានឃើញការប្តេជ្ញាចិត្តមោះមុត និងសេចក្តីក្លាហានរបស់បេក្ខជន បេក្ខនារីក្រុមប្រឹក្សាឃុំនៃគណបក្សខ្មែររួបរួមជាតិ ក្នុងស្រុកឱរ៉ាល់ទាំងមូល ក្នុងការដណ្តើមជោគជ័យជាទីគាប់ចិត្តជូនគណបក្សខ្មែររួបរួមជាតិ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ។សហជីវិន ទា ចំរ៉ាត់ មានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ លោកមានបំណង់ចង់ដឹង និងរៀនសូត្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការគ្រប់គ្រង ដឹកនាំ និងធ្វើសកម្មភាពដើម្បីគណបក្សខ្មែររួបរួមជាតិ ដោយសហជីវិន បានផ្តល់វេទិកាជូនសកម្មជននៅទីនោះលើកនូវបញ្ហា និងសំណូមពរ ដោយស្មោះត្រង់ និងកុំលាក់លៀម ។
- - - - - - - - - - - - - - - - -
ប្រភព៖ https://www.facebook.com/pg/knu.party/photos/?tab=album&album_id=1234293500020583
ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧