- - - - - - - - - - - - - - - - -
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនិងការលើកឡើងរបស់សហភាពអន្តរសភា (IPU)ដែលព្រួយបារម្ភពីការរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង ដោយលោកយល់ថាវាហាក់ដូចជាឆាប់រហ័សពេកនៅក្នុងការសន្និដ្ឋានពីព្រោះបច្ចុប្បន្ននេះ គណបក្សសង្គ្រោះជាតិកំពុងតែមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនយោបាយ។លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី០៦ ខែមេសា ថា លោកសម រង្ស៊ី គឺជាមនុស្សស្លាប់ទៅហើយក្នុងឆាកជីវិតនយោបាយ ដូច្នេះគាត់គ្មានតម្លៃអ្វីក្នុងការនិយាយអ្វីមកពាក់ព័ន្ធនឹងកម្ពុជាទេ។ ហើយអ្នកណាដែលជឿលោកសម រង្ស៊ី និយាយ គឺជាមនុស្សល្ងង់បំផុតហើយ។
លោកបានបញ្ជាក់ថា ចំពោះខ្លឹមសាររបស់សហភាពអន្តរសភា(IPU)ដែលព្រួយបារម្ភថា មានការរំលោភតំណាងរាស្ត្រគណបក្សប្រឆាំង ចំពោះតំណាងរាស្ត្រដែលទទួលរងនៅអំពើហិង្សា គឺបានទទួលយុត្តិធម៌រួចហើយ ដោយសារតុលាការនិងសមត្ថកិច្ចបានចាត់វិធានការចំពោះអ្នកប្រព្រឹត្តបទល្មើសរួចហើយ និងចាប់ដាក់ពន្ធនាគាររួចហើយ តាមនីតិវិធីរបស់តុលាការ ត្រឹមត្រូវតៅតាមស្ថានទម្ងន់ទោស។
- - - - - - - - - - - - - - - - -
ប្រភព៖រស្មីកម្ពុជា