- - - - - - - - - - - - - - - - -
គ.ជ.ប អនុញ្ញាតឲ្យមានយុទ្ធនាការផ្សព្វផ្សាយអំពីនាទីស្វែងយល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់រយៈពេលពីរខែតាមរយៈវិទ្យុនៅទូទាំង ២៥ រាជធានីខេត្ត ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋ និងចៀសវាងការបំភាន់ព័ត៌មានលទ្ធផលបោះឆ្នោតមុនការបោះឆ្នោតនៅថ្ងៃទី ៤ ខែមិថុនាខាងមុខ។សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. ចេញផ្សាយកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៧ បានឲ្យដឹងថាយុទ្ធនាការផ្សព្វផ្សាយនាទីស្វែងយល់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់គឺចាប់ផ្ដើមពីថ្ងៃទី ៧ ខែមេសាដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៧ នេះ។ការផ្សព្វផ្សាយនេះធ្វើនៅតាមវិទ្យុ FM នៅក្នុងខេត្តនីមួយៗហើយកម្មវិធីនេះមានវាគ្មិនជាមន្ត្រីរៀបចំការបោះឆ្នោតរាជធានីខេត្តចូលរួម។សេចក្តីប្រកាសព័ត៌មានថា៖ «សាធារណជនមានចម្ងល់ផ្សេងៗទាក់ទងនឹងការបោះឆ្នោតសូមទូរស័ព្ទចូលក្នុងពេលកំពុងផ្សាយដោយមានវាគ្មិនជាមន្ត្រីនៃគណៈកម្មាធិការរាជធានី ខេត្ត រៀបចំការបោះឆ្នោតជាអ្នករង់ចាំបំភ្លឺជូន»។
- - - - - - - - - - - - - - - - -
ប្រភព៖ភ្នំពេញប៉ុស្ដិ៍