- - - - - - - - - - - - - - - - -
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើក្រសួងមហាផ្ទៃដកមន្ត្រីក្រោមឱវាទរបស់ខ្លួនឈ្មោះ ឈាន ពិសិដ្ឋ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍ បន្ទាប់ពីមន្ត្រីរូបនោះបាញ់មន្ត្រីនគរបាលអន្តោប្រវេសន៍ធ្វើការជាមួយគ្នា ឲ្យរបួសត្រង់ស្មា។លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ មេសា ថា ការស្នើដកមន្ត្រីរូបនេះ ជាការអនុវត្តតាមវិន័យកងកម្លាំង និងដើម្បីឲ្យជនរងគ្រោះប្ដឹងបុគ្គលនោះទៅតុលាការតាមច្បាប់។កាលពីថ្ងៃទី០៩ មេសា មានការផ្ទុះអាវុធមួយក្នុងប៉ុស្តិ៍អន្តោប្រវេសន៍ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែត ឲ្យដឹងថា នាយរងប៉ុស្តិ៍អន្តោប្រវេសន៍លោក ឈាន ពសិដ្ឋ បានបាញ់មន្ត្រីនគរបាលធ្វើការជាមួយគ្នា គឺនាយផ្នែករដ្ឋបាល លោក សេម មករា ពីក្រោយបណ្ដាលឲ្យរបួសត្រង់ស្មា តែមិនប៉ះពាល់ដល់អាយុជីវិតទេ។
- - - - - - - - - - - - - - - - -
ប្រភព៖RFA