- - - - - - - - - - - - - - - - -
មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានឲ្យដឹងថាគណបក្សនេះនឹងចំណាយថវិកាយ៉ាងតិច១.៧លានដុល្លារអាមេរិក សម្រាប់យុទ្ធនាការបោះឆ្នោតឃុំ សង្កាត់ នៅខែឧសភា និងខែមិថុនាខាងមុខនេះ។ ចំណែកគណបក្សកាន់អំណាចវិញមិនបានបង្ហើបឲ្យដឹងពីខ្ទង់ចំណាយរបស់ខ្លួន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅដើមខែមិថុនាខាងមុខនេះទេ។លោកម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិបានឲ្យដឹងកាលពីថ្ងៃទី៩ ខែមេសាថា កញ្ចប់ថវិការបស់គណបក្សប្រឆាំងយ៉ាងតិច១លាន៧សែនដុល្លារអាមេរិក នឹងត្រូវប្រើ ដើម្បីគាំទ្រដល់ផែនការសកម្មភាពនានារបស់គណៈកម្មការយុទ្ធនាការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧។ លោកលើកឡើងថាថវិកាទាំងនោះ នឹងត្រូវប្រើក្នុងយុទ្ធនាការឃោសនា ការបោះពុម្ពខិតប័ណ្ណ អាវ និងមួក រួមទាំងចំណាយមួយចំនួនទៀតក្នុងពេលឃោសនាបោះឆ្នោតឃុំ សង្កាត់។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបានថ្លែងបន្តថា កញ្ចប់ថវិកាប្រមាណ១លាន៧សែនដុល្លារអាមេរិកនេះ គឺមិនទាន់គិតបញ្ចូលពីថវិកាមួយចំនួនទៀត ដែលបានមកពីបេក្ខជននីមួយៗ តំណាងរាស្ត្រ និងថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សទេ។
- - - - - - - - - - - - - - - - -
ប្រភព៖RFI
http://km.rfi.fr/cambodia/cnrp-will-spend-1.7million-for-its-campaign-09-04-2017