- - - - - - - - - - - - - - - - -
នៅថ្ងៃទី១០ មេសា រដ្ឋាភិបាលកម្ពុជា លើកឡើងពីការអភិវឌ្ឍវិស័យកសិកម្ម និងបង្ហាញយុទ្ធសាស្ត្រជួយកសិករនៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់លើផលិតផលស្រូវដែលដើរតួនាទីសំខាន់សម្រាប់នាំចេញទៅបរទេស។ ចំណែកអ្នកជំនាញផ្នែកកសិកម្ម ស្នើឲ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព។នេះអាចជាសន្និសីទបូកសរុបការងាររបស់ក្រសួងរដ្ឋចុងក្រោយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអធិបតីរៀបរាប់ពីស្នាដៃល្អៗរបស់រដ្ឋាភិបាលលោក មុននឹងការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងមកដល់ក្នុងរយៈពេលមិនដល់ពីរខែទៀតទេ។ក៏ប៉ុន្តែសន្និសីទរបស់ក្រសួងកសិកម្ម នេះ អាចជាប្រធានបទសំខាន់ជាងគេសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលនឹងត្រូវទៅបោះឆ្នោតនាពេលខាងមុខ ដោយសារប្រហែល ៧០ភាគរយនៃប្រជាជនជាង ១៥លាននាក់ជាកសិករ ហើយវិស័យកសិកម្មនេះតំណាងប្រមាណ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ដែលមានទំហំជាង ១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។
- - - - - - - - - - - - - - - - -
ប្រភព៖FRA