- - - - - - - - - - - - - - - - -
ក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តព្រៃវែង ជួបពិភាក្សាជាមួយបេក្ខជនឃុំ-សង្កាត់ពីស្ថានភាពនយោបាយបច្ចុប្បន្ន និងការអនុវត្តលើគម្រោងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមភូមិឃុំមូលដ្ឋានរបស់ខ្លួន ដើម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាពប្រាំចំណុចរបស់គណបក្សសង្រ្គោះជាតិជូនប្រជាពលរដ្ឋ។ថ្លែងក្នុងអង្គប្រជុំជាមួយបេក្ខជន១១៦ឃុំ-សង្កាត់នៃខេត្តព្រៃវែងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នាទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិខេត្តព្រៃវែង នៅព្រឹកនេះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានក្រុមការងារគណបក្សង្រ្គោះជាតិខេត្តព្រៃវែងបានលើកឡើងបញ្ជាក់ពីការវិវត្តន៍សង្គម និងនយោបាយថា ពេលនេះប្រធានគណបក្សសង្រ្គោះជាតិត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការហើយ ដោយឡែកអនុប្រធានបក្សទាំងបីក្រសួងមិនទាន់ទទួលស្គាល់ទេ ហេតុនេះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិត្រូវការពេលវេលា ដើម្បីរៀបចំក្បាលម៉ាសីុនដឹកនាំតាមបញ្ញត្តិច្បាប់។លោកបន្ដទៀតថា ទោះជាយ៉ាងនេះក្ដីយើងជាថ្នាក់ដឹកនាំត្រូវកំណត់អោយបានច្បាស់លាស់នូវការងារ និងគោលដៅអាទិភាពរបស់យើងទាំងអស់គ្នា គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងការផ្សព្វផ្សាយគោលនយោបាយ សារនយោបាយគណបក្សសង្រ្គោះជាតិ ដើម្បីស្វែងរកសំឡេងគាំទ្រ និងបោះឆ្នោតអោយគណបក្សសង្រ្គោះជាតិក្នុងការដឹកនាំ និងអភិវឌ្ឍន៍ពិតប្រាកដនៅភូមិឃុំ។
ប្រភព៖ https://goo.gl/yJW2JS
គណបក្ស សង្រ្គោះជាតិ, មេសា 8, 2017