- - - - - - - - - - - - - - - - -
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងនៅថ្ងៃនេះថា នាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី អាចនឹងជាប់ពន្ធនាគារ បើក្រសួងរកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនាបន្លំសមត្ថកិច្ចចូលសួរសុខទុក្ខអ្នកទោស ជាមួយមន្ត្រីបក្សប្រឆំាង។កាលពីព្រឹកថ្ងៃទី១៩ខែមេសាម្សិលមិញ អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំងតំណាងរាស្ត្រមួយចំនួនផ្សេងទៀត បាននាំគ្នាទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស ដោយក្នុងនោះគេសង្កេតឃើញមានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់VODនៅថ្ងៃព្រហស្បតិ៍ទី២០មេសានេះថា ក្រសួងមហាផ្ទៃ បានបញ្ជាទៅអគ្គនាយកដ្ឋានពន្ធនាគារព្រៃស ឲ្យពិនិត្យលក្ខន្តិកៈពន្ធនាគារ និងរៀបចំឯកសារពាក់ព័ន្ធបញ្ជូនទៅក្រសួងមហាផ្ទៃនៅពេលឆាប់ៗនេះ ដោយថា បើសមត្ថកិច្ចរកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនា ភូតកុហក បន្លំសមត្ថកិច្ចចូលសួរសុខទុក្ខសកម្មជនបក្សប្រឆំាងទំាង១៦នាក់មែន លោកថា បុគ្គល ជុន ច័ន្ទបុត្រ អាចប្រឈមនឹងជាប់ទោសពន្ធនាគារ។
- - - - - - - - - - - - - - - - -
ប្រភព៖VOD