- - - - - - - - - - - - - - - - -
(ភ្នំពេញ)៖ ស្របពេលប្រធានបទលើករណី ប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារកំពុងត្រូវបានគេតាមដានថា តើក្រសួងមហាផ្ទៃនឹង មានចំណាត់ការ ឬយ៉ាងណានោះ, នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា «ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ! កន្លែងនេះ មិនមែនជាទីសាធារណៈ សម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ!»។អ្នកនាំពាក្យដដែលរូបនោះ បានអះអាងទៀតថា «ទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំងឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោស ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់!»។សូមជំរាបថា របាយការណ៍ និងឯកសារច្បាប់ពីពន្ធនាគារ ពាក់ព័ន្ធនឹងករណី លោក ជុន ច័ន្ទបុត្រ ដែលបន្លំចូលពន្ធនាគារ ត្រូវបានបញ្ជូន ទៅដល់ក្រសួងមហាផ្ទៃហើយ កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ហើយលទ្ធផលនៃការសម្រេចរបស់ក្រសួងមហាផ្ទៃ នឹងបង្ហាញនៅថ្ងៃទី២១ ខែមេសានេះ។
- - - - - - - - - - - - - - - - -
ប្រភព៖Fresh news