- - - - - - - - - -- - - - - - - - - -
លោក កឹម សុខា មេដឹកនាំបក្សប្រឆាំង បានបន្តអះអាងថា នឹងគ្មានសង្គ្រាមជាដាច់ខាត នៅក្រោយពេលគណបក្សរបស់លោកឈ្នះការបោះឆ្នោតនាពេលខាងមុខនេះ ដែលនេះគឺជាការឆ្លើយតបទៅនឹងការព្រមានពីសំណាក់គណបក្សកាន់អំណាច អំពីការផ្ទុះឡើងនូវសង្គ្រាម។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានព្រមានជាញឹកញាប់ថា ប្រសិនបើគណបក្សលោកចាញ់ឆ្នោត សង្គ្រាមអាចនឹងផ្ទុះឡើង។ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅឯសហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញនេះ លោក កឹម សុខា បានប្រាប់ថា គ្មានសង្គ្រាមជាដាច់ខាត នៅពេលបក្សលោកឈ្នះការបោះឆ្នោត។លោកថ្លែងបន្ថែមថា ថ្វីត្បិតតែសន្តិភាពមាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ លោកថា នោះមិនមែនជាសន្តិភាពពេញលេញនោះឡើយ ដោយលោកបានលើកឡើងអំពីការបណ្ដេញចេញពីលំនៅឋាន ការរំលោភសិទ្ធិមនុស្ស និងការគាប់សង្កត់ទៅលើគណបក្សប្រឆាំងជាដើម៕
- - - - - - - - - -- - - - - - - - - -
ប្រភព៖VOD