- - - - - - - - - - - - - - - -
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃបានអះអាងថា ខ្លួនបានទទួលសំណើ សុំតម្កល់លក្ខន្តិកៈគណបក្សសង្រ្គោះជាតិ ដែលសមាជវិសាមញ្ញគណបក្ស បានធ្វើវិសោធនកម្ម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧កន្លងទៅ។ សូមរំលឹកថាគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានសម្រេចធ្វើសមាជវិសាមញ្ញ វិសោធនកម្ម ប្រការ ៤៧ថ្មី របស់ខ្លួនឡើងវិញ បន្ទាប់ពីក្រសួងមហាផ្ទៃ ទទួលស្គាល់ លោក កឹម សុខា ជាប្រធានបក្ស តែមិនទទួលស្គាល់អនុប្រធាន ៣រូប ដែលមានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ។ ក្នុងសមាជវិសាមញ្ញនេះ ក៏បានបន្ថយលក្ខន្តិកៈមកត្រឹម៩ជំពូក ផងដែរ។ យោងតាមលិខិតរបស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើជូនលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា " ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវលិខិតរបស់គណបក្សសង្រ្គោះជាតិ ដូចមានចុះក្នុងយោងខាងលើ ពាក់ព័ន្ធសំណើសុំតម្កល់លក្ខន្តិកៈ គណបក្សសង្រ្គោះជាតិ ដែលសមាជវិសាមញ្ញគណបក្ស បានធ្វើវិសោធនកម្ម លើប្រការ៤៧ថ្មី ទៅជាប្រការ៤៧ថ្មី(មួយ) និងបានអនុម័តកែតម្រូវលេខរៀង ជំពូកទី១០ ទៅជាជំពូកទី៩វិញ"។
- - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល