មន្ត្រីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងបែបបញ្ឆិតបញ្ឆៀងថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅពេលខាងមុខនេះ សារនយោបាយសម្រាប់ទាក់ទាញ គឺជំរុញការអភិវឌ្ឍភូមិ ឃុំគំរូ ដោយថាមិនចុះចែកលុយ សារ៉ុង ឬប៊ីចេងដូចគណបក្សមួយចំនួនទេ។ក្នុងសន្និសីទសារព័ត៌មានមួយ នៅស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ឧសភា ក្រោយជួបសកម្មជនរួច ប្រធានកម្មវិធីអភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន លោក យង់ សាំងកុមារ លើកឡើងថា ក្នុងយុទ្ធនាការរកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ លោកថា គណបក្សរបស់លោក នឹងមិនចុះចែក លុយ ឬអំណោយនានា ដល់ប្រជាពលរដ្ឋទេ។លោក យង់ សាំងកុមារ បន្តថា គណបក្សនេះ នឹងបង្ហាញគោលនយោបាយសំខាន់ៗ៥ចំនុច ដែលលោកថា ដើម្បីជំរុញដល់ការអភិវឌ្ឃភូមិ ឃុំ គំរូ និងអភិបាលកិច្ចល្អ។
ប្រភព៖VOD