លោក ជា ពិសី អនុប្រធានគណបក្សខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានប្រកាសបញ្ចូលសកម្មជន និងសមាជិកបន្ថែមទៀតចំនួន២៥នាក់ ដែលទើបតែចាកចេញពី គណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីសុំចូលមករួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (CPP)។ពិធីប្រកាសបញ្ចូលជាសមាជិកថ្មី គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។សកម្មជន និងសមាជិក CNRP ដែលសម្រេចចិត្តដើរចេញនោះ ពួកគាត់សុទ្ធតែបានអះអាងថា ការចាកចេញនេះ ក៏ព្រោះតែពួកគាត់អស់ជំនឿទុកចិត្ត ហើយបានមើលឃើញយ៉ាងច្បាស់លាស់ ពីសកម្មភាពរបស់គណបក្សផ្សេងៗមួយចំនួន ពិសេសមិនពេញចិត្តលើការដឹកនាំ និងរបៀបរបប ធ្វើការងាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ពោលគឺមេដឹកនាំគណបក្សនេះ គ្មានសមត្ថភាពដឹកនាំប្រទេសឡើយ ចេះតែម្យ៉ាង គឺឃោសនាញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ បង្កអសន្តិសុខសង្គមប៉ុណ្ណោះ ពិសេសប្រព្រឹត្តិអំពើមិនគួរគប្បីក្នុងជួរគណបក្ស និងអំពើអសីលធម៌ជាដើម។
ប្រភព៖Fresh news