លោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ដែលកំពុងតែជាប់ពន្ធនាគារ ក្រោមបណ្តឹងនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា លោកនឹងបង្អត់អាហារខ្លួនឯងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ នេះបើតាមលិខិតរបស់លោក គឹម សុខ ដែលសរសេរឲ្យលោកមេធាវី ជូង ជូងី ហើយត្រូវបានលោកមេធាវី ជូង ជូងី យកទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២0១៧។ នៅក្នុងលិខិតនោះ លោក គឹម សុខ បញ្ជាក់ថា ការដែលលោកដាក់ទណ្ឌកម្មខ្លួនឯង ដោយអត់បរិភោគអាហាររយៈពេល៧ថ្ងៃ គឺដើម្បីអង្វរឲ្យប្រជាពលរដ្ឋកម្ពុជាជិត៨លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ លោក គឹម សុខ បានសរសេរក្នុងលិខិតយ៉ាងដូច្នេះ៖«ការបោះឆ្នោត គឺជាដំណោះស្រាយសន្តិវិធីនៃការផ្លាស់ប្តូរមេដឹកនាំ ទាំងនៅមូលដ្ឋាន និងថ្នាក់ជាតិ។ គ្មានទេសង្គ្រាម ដោយសារការផ្លាស់ប្តូរដែលកើតឡើងពីការបោះឆ្នោត»។
ប្រភព៖ថ្មីៗ