កម្មកររោងចក្រសៅលែន នៅចោមចៅ រាប់រយនាក់ នៅព្រឹកថ្ងៃពុធនេះ បានផ្ទុះកូដកម្ម អត់ធ្វើការជាថ្មី បន្ទាប់ពីក្រុមហ៊ុនសម្រេចព្យួរការងារតំណាងសហជីព ១១នាក់។ សហជីពទាំង១១នេះ ត្រូវបាន ក្រុមហ៊ុនចោទប្រកាន់ថា បានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរ ញុះញង់កម្មករមិនឲ្យធ្វើការ ចាប់ពីរសៀលថ្ងៃទី២ ដល់ថ្ងៃទី៦ មិថុនា ដើម្បីទៅបោះឆ្នោតនៅស្រុកកំណើត ដែលធ្វើឲ្យក្រុមហ៊ុនមានការខាតបង់ធ្ងន់ធ្ងរ។លោក ប៉ិច សាវ៉ាត តំណាងសហជីពចលនាកម្មករ ប្រចាំរោងចក្រសៅលែន ដែលមានទីតាំងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពី ក្រុមហ៊ុន បញ្ឈប់ តំណាងសហជីពចំនួន ១១រូប នៅព្រឹកថ្ងៃពុធនេះ កម្មករជាងមួយពាន់នាក់ បានដើរចេញពីការងារ មកធ្វើកូដកម្ម មុខរោងចក្រភ្លាមៗ ទាមទារឲ្យ រោងចក្រទទួលតំណាងសហជីព ចូលធ្វើការងារវិញ។តំណាងសហជីពចលនាកម្មករ បានទាមទារឲ្យ ក្រុមហ៊ុន បង្ហាញភស្តុតាង ដែលបញ្ជាក់ថា សហជីពជា អ្នកញុះញង់ កម្មករឲ្យធ្វើកូដកម្ម ចាប់ពីរសៀលថ្ងៃទី២ ដល់ថ្ងៃទី៦ មិថុនា ដើម្បីទៅបោះឆ្នោតនៅស្រុកកំណើត។
ប្រភព៖RFI