លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានប្រតិកម្មតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នៅកម្ពុជាមិនល្អ ខណៈលោកថ្លែងកោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១៥ មិថុនា ២០១៧ លោក ហ៊ុន សែន ថ្លែងថាការបោះឆ្នោតគ្មានហិង្សា និងប្រជាជនចេញមកបោះឆ្នោតច្រើន ហើយអង្គការជាច្រើនបានទទួលស្គាល់ការបោះឆ្នោតនេះថាល្អប៉ុន្តែលោកថាខុសគេតែ ប្រេដ អាដាម ម្នាក់ឯង។ លោកថា «តែខ្ញុំអត់យល់ទេ! បណ្តារស្ថានទូតនានារាប់ទាំងទូតអាមេរិកនៅទៅក្រុងភ្នំពេញចេញសេចក្តីថ្លែងការណ៍ថាការបោះឆ្នោតហ្នឹងល្អ! ដល់មានអង្គការក្រៅរដ្ឋាភិបាលមួយរបស់ ប្រេដអាដាម Human Rights Watch ស្អីគេនោះ? វាថាអាហ្នឹងអត់ល្អ! បើចឹងស្តាប់អ្នកណាឥឡូវហ្នឹង? អាហ្នុងស្អីក៏មិនល្អដែរ ជាពិសេសឲ្យតែគណបក្សប្រជាជនឈ្នះ គឺថាអាហ្នឹងមិនល្អម៉ង ស្តាប់តែប៉ុណ្ណឹងទៅដឹងហើយ ទាល់តែថា គណបក្សប្រជាជនរលាយបានអាហ្នឹងថាល្អ!»។
ប្រភព៖VOD