លោក ហ៊ុន សែន នៅថ្ងៃពុធនេះបានព្រមានជាថ្មីម្តងទៀតថា សង្រ្គាមនៅកម្ពុជានឹងអាចកើតឡើងបាន បើទោះណាជាគណបក្សប្រឆាំងមិនមានអាវុធក្នុងដៃក៏ដោយ។
ក្នុងឯកសណ្ឋានជាទាហានពាក់ផ្កាយ៥នៅលើស្មាផងនោះ លោក ហ៊ុន សែន ថ្លែងថា «មិនចាំតែមានកាំភ្លើងទេ អណ្តាតអ្នកឯងក៏បង្កើតសង្រ្គាមបានដែរ ដរាបណាអណ្តាតអ្នកឯង ការសរសេររបស់អ្នកឯងនៅតែប្រមាថ មាក់ងាយ ខ្ញុំនៅតែនិយាយថា កម្ពុជានៅសល់សង្រ្គាមនៅឡើយកុំធ្វេសប្រហែសឲ្យសោះ! កងទ័ពត្រូវត្រៀមបំរុងជានិច្ចដើម្បីបង្រ្កាបរាល់ចលនានៃការផ្តួលរំលំនិងការធ្វើឲ្យខូចខាតប្រទេសជាតិ»។នេះជាការព្រមានម្តងហើយម្តងទៀត ដោយប្រមុខរដ្ឋាភិបាល ក្នុងពិធីមួយដែលរដ្ឋាភិបាលហៅថាជាការ«រំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាចង់ចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត » ដែលធ្វើឡើងនៅឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕
ប្រភព៖VOD