លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២១មិថុនានេះ បានរំលឹកឡើងវិញនូវប្រវត្តិតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម កាលពី៤០ឆ្នាំមុន។ ប៉ុន្តែនៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានទៅដល់អ្នកវិភាគឲ្យត្រៀមក្តារមឈូសជុំវិញការអត្ថាធិប្បាយនានា ដែលលោកនាយករដ្ឋមន្រ្តី ចាត់ទុកថា អាចបង្កទៅជាសង្រ្គាម។ ក្រៅពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានព្រមានឲ្យអ្នកដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌ឲ្យដកខ្លួនជាបន្ទាន់។ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ក្រុមអ្នកវិភាគមួយចំនួនជុំវិញវោហាសាស្រ្តនៃសង្រ្គាមស៊ីវិល ដែលលើកឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមុនការបោះឆ្នោតឃុំ-សង្កាត់ថ្មីៗនោះថា ទំនងជាមានការបែកបាក់ផ្ទៃក្នុងនៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធរបស់លោក។ ប៉ុន្តែផ្ទុយទៅវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សង្រ្គាមអាចកើតមានមែន តែកើតចេញពីអណ្តាតរបស់ក្រុមអ្នកវិភាគនោះតែម្តង។
ប្រភព៖RFI
http://km.rfi.fr/cambodia/hun-sen-21-06-2017