ក្រុមអ្នកច្បាប់របស់ គ.ជ.ប កាលពីម្សិលមិញបានចុះទៅធ្វើការស៊ើបអង្កេតដោយផ្ទាល់ចំពោះបណ្តឹងរបស់គណបក្សសង្គ្រោះជាតិនៅឃុំដូង ស្រុករមាសហែកដែលបានប្តឹងចោទប្រកាន់ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងលោក ឯម សុត ថា បានយកកញ្ចប់សន្លឹកឆ្នោតទៅដាក់ក្នុងបន្ទប់របស់ខ្លួន ហើយក្រោយមកសន្លឹកឆ្នោតមានការប្រែប្រួល។នេះគឺជាការស៊ើបអង្កេតដើម្បីដោះស្រាយបណ្តឹងផ្តន្ទាទោសចំនួនពីរចុងក្រោយគឺនៅឃុំដូងនេះ និងនៅឃុំត្រពាំងជោរក្នុងខេត្តកំពង់ស្ពឺ ក្នុងចំណោមបណ្តឹងទាំងអស់ចំនួន ៦៤ ដែលទទួលបានពីគណបក្សនយោបាយទាំងមុន និងនៅក្នុងពេលបោះឆ្នោត។នៅឃុំដូងស្រុករមាសហែក ខេត្តស្វាយរៀងគណបក្សសង្គ្រោះជាតិបានប្តឹងលើប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងលោក ឯម សុត ដោយចោទប្រកាន់ថាមន្ត្រីរូបនេះបានឈរកៀកនឹងប្រធានគណៈកម្មការត្រួតពិនិត្យសន្លឹកឆ្នោត និងបានដាក់គំនាបមកលើពួកគេឲ្យសម្រេចដោយលម្អៀងទៅភាគីម្ខាងទៀត។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍