អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្សពុទ្ធា បានឲ្យដឹងថា សម្រាប់ការបោះឆ្នោត ដែលបានកន្លងផុតទៅ មានភាពវិជ្ជមានច្រើន ក្នុងការផ្ដល់ព័ត៌មាន ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារអ្នកព័ត៌មាន បានផ្សព្វផ្សាយព័ត៌មាន យ៉ាងទូលំទូលាយ។លោក ហង្ស ពុទ្ធា បានថ្លែងក្នុងសិក្ខាសាលាស្ដីពី ស្ថានភាពរបស់អ្នកសារព័ត៌មាន ក្រោយការបោះឆ្នោត និងការបញ្រ្ជាបសារព័ត៌មានបែបសន្តិភាព នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ថា បើអ្នកសារព័ត៌មាន មិនអនុវត្តបានល្អ នូវក្រមសីលធម៌របស់ខ្លួន អាចជួបប្រទះបញ្ហា។ លោកថា ការផ្ដល់ព័ត៌មាន ដល់អ្នកសារព័ត៌មាន អាចមានពីរសណ្ឋាន ទី១-ការផ្ដល់ព័ត៌មានដោយអព្យាក្រឹត្យ , ទី២-ការផ្ដល់ព័ត៌មានដោយលំអៀង។ លោកសង្កត់ថា ការផ្ដល់ព័ត៌មាន ដោយលំអៀងសំដៅ ទៅដល់ការផ្ដល់ព័ត៌មាន ដោយកាន់ជើង គណបក្សនយោបាយណាមួយ។
ប្រភព៖សារព័ត៌មានដើមអម្ពិល