លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើទោះបីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខិតខំប្រឹងប្រែងធ្វើឲ្យដំណើរការបោះឆ្នោតមានភាពល្អប្រសើរយ៉ាងនេះក្ដី ក៏នៅតែមានគណបក្សនយោបាយ អ្នកនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបន្តទិតៀនលើស្ថាប័នមួយនេះដដែល។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ពិតមែនហើយដាក់ការសង្ស័យនេះសង្ស័យនោះ ដូចជាការបោះពុម្ពសន្លឹកឆ្នោត ដែលវាលើសពីចំនួនអ្នកបោះឆ្នោតច្រើន ក៏បង្កើតទៅជាបញ្ហា ដូចជាទឹកខ្មៅ ហើយអាទឹកខ្មៅនេះ ក៏ជារឿងដែលកាលពីជំនាន់ឆ្នាំ២០១៣ មុនបោះឆ្នោតតែប៉ុន្មានថ្ងៃ អ្នកនេះគួរតែត្រូវមានទោសដែលបង្កើតបញ្ហា ដល់ទៅពេលលើកឡើងថាទឹកខ្មៅជូតជ្រះ ពេលដែលលើកឡើងអាដៃខ្លួនឯងវាទឹកខ្មៅអត់ទាន់ជ្រះ។ អ៊ីចឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែទទួលការទិតៀន ពីគណបក្សនយោបាយខ្លះ អ្នកនយោបាយខ្លះ ឬអង្គការក្រៅរដ្ឋាភិបាលខ្លះ»។
ប្រភព៖Fresh news