ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) សរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះជោគជ័យនៃការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី៤ មិថុនា។ លោកទាំងពីរបានជួបពិភាក្សាគ្នានៅរសៀលថ្ងៃទី២៦ មិថុនា នៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ដោយបានពិភាក្សាគ្នាពីទំនាក់ទំនងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងកម្ពុជា ពីអាទិភាពនៃការអភិវឌ្ឍសិទ្ធិមនុស្ស និងបញ្ហាដទៃទៀតដែលមានសារសំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-អាមេរិក។នៅថ្ងៃដដែលនេះ គណបក្សសង្គ្រោះជាតិ វិញក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយវាយតម្លៃការបោះឆ្នោតឃុំ-សង្កាត់នេះ ថាមិនបានបំពេញលក្ខខណ្ឌពេញលេញតាមគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ បើទោះជាការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយមានលក្ខណៈល្អប្រសើរ និងមានភាពវិជ្ជមានជាងមុនក្ដី។
ប្រភព៖RFA