លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែង ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះថា ការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់ ឱ្យនៅក្រៅឃុំ កាលពីម្សិលមិញនេះ គឺមានអ្នកមានអំណាចជាអ្នកចាត់ចែងនៅខាងក្រោយ ហើយលោកលើកឡើងថា វាជាចលនានយោបាយច្រើនជាងការអនុវត្តតាមច្បាប់។នៅលើបណ្តាញសង្គម Facebook លោក អេង ឆៃអ៊ាង បានបង្ហោះថ្លែងអំណរគុណដល់អ្នកចាត់ចែងឲ្យដោះលែង មន្ត្រីសិទ្ធិមនុស្សទាំងបួនរូប និងលោក នី ចរិយា នាពេលនេះ ហើយលោកសង្ឃឹមថា អ្នកទោសមនសិការដទៃទៀតនឹងទទួលបានសេរីភាពឆាប់ៗខាងមុខនេះដែរ។ទោះជាយ៉ាងណា លោក អេង ឆៃអ៊ាង បានបដិសេធមិនបញ្ជាក់ឱ្យចំៗថា នរណាជាអ្នកចាត់ចែងដោះលែង លោក នី ចរិយា និងមន្រ្តីអាដហុកទាំង៤នាក់ទេ ដោយគ្រាន់តែបញ្ជាក់ថា អ្នកចាត់ចែងឱ្យដោះលែងមន្រ្តីអាដហុក និង គ.ជ.ប អាចជាអ្នកមានអំណាច ឬក៏តុលាការក៏មិនដឹង។
ប្រភព៖សារព័ត៌មាន Fresh News