នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសនឹងត្រូវប្រកាសចូលកាន់តំណែងនៅថ្ងៃនេះ។
ទោះជាយ៉ាងណានៅតាមឃុំសង្កាត់មួយចំនួនបានធ្វើនៅថ្ងៃនេះ ហើយឃុំសង្កាត់មួយចំនួនទៀត ក៏មិនទាន់បានធ្វើនោះទេ ដោយហេតុថាការប្រកាសនេះគឺក្រសួងមហាផ្ទៃ បានប្រគល់ឲ្យខេត្តជាអ្នករៀបចំ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងយ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់អស់ហើយ ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ហើយការប្រកាសនេះក្រសួងមហាផ្ទៃជូនឲ្យរាជធានី-ខេត្តជាអ្នកចាត់ចែង គឺចាប់ផ្ដើមប្រកាសនៅថ្ងៃនេះទូទាំងប្រទេស និយាយរួមគ្រប់រាជធានី-ខេត្តទាំងអស់ប្រកាសចាប់ពីថ្ងៃនេះ ប៉ុន្ដែគ្រាន់តែថាមិនបានខេត្តធ្វើ ខេត្តខ្លះមិនទាន់ធ្វើ»។
ប្រភព៖បណ្ដាញព័ត៌មាន Fresh News