លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចូលបំពេញការងារក្នុងតំណែងរបស់ខ្លួនជាធម្មតាវិញហើយ បន្ទាប់ពីត្រូវបានតុលាការចេញសេចក្ដីសម្រេចឲ្យក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ថ្លែង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ។កន្លងមក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ចំពោះការអនុញ្ញាតឲ្យលោក នី ចរិយា ចូលធ្វើការបានវិញ ឬអត់ ត្រូវរងចាំការបញ្ជាក់ពីតុលាការឲ្យច្បាស់លាស់សិន ព្រោះការដែលតុលាការដោះលែងឲ្យលោក នី ចរិយា នៅក្រៅឃុំបណ្ដោះអាសន្ន កាលពីពេលកន្លងទៅនោះ ដូចជាមិនមានភាពច្បាស់លាស់ ចំពោះរឿងចូលធ្វើការវិញនេះឡើយ។ជុំវិញការចូលបំពេញការងារសារជាថ្មីនេះ លោក ខន កែវមនោ បានថ្លែងយ៉ាងដូច្នេះថា «គ.ជ.ប អត់បានលុបឈ្មោះគាត់ (លោក នី ចរិយា) ចេញពីមន្រ្តីបោះឆ្នោតទេ ដូច្នេះគាត់នៅតែមន្រ្តីបោះឆ្នោតដដែល ហើយខ្ញុំមិនបានតាមដានគាត់ចូលធ្វើការពីថ្ងៃណាទេ តែឃើញគាត់មកធ្វើការហើយ ក្នុងបន្ទប់ធ្វើការរបស់គាត់»។
ប្រភព៖អង្គភាព Fresh News