ក្នុងឱកាសបុណ្យរុក្ខទិវាថ្ងៃទី៩ ខែកក្កដា ព្រះមហាក្សត្រ និងរដ្ឋាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមដាំដុះ ការពារព្រៃឈើ ហើយត្រូវចូលរួមបញ្ឈប់ការកាប់រានដីព្រៃ និងការកាប់ឈើខុសច្បាប់ និងការបរបាញ់គ្រប់រូបភាព។ រីឯអង្គការសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តពិតប្រាកដក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ជាជាងគ្រាន់តែអំពាវនាវបង្គ្រប់កិច្ច និងយកប្រជាប្រិយភាព។ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ បានយាងជាព្រះរាជអធិបតីក្នុងរុក្ខទិវាលើកទី២៧ ដែលប្រារព្ធឡើងនៅភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពិធីនោះ គឺមានការដាំកូនឈើប្រភេទគ្រញូង ធ្នង់ និងគីនីន ជិត ១ម៉ឺនដើម (៨.៨៣០ដើម) នៅលើផ្ទៃដីប្រមាណ ១០ហិកតារ។ក្នុងឱកាសនោះ ព្រះមហាក្សត្រក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ មេត្តារួមគ្នាការពារភ្លើងឆេះព្រៃ បញ្ឈប់ការកាប់រានដីព្រៃឈើជាកម្មសិទ្ធិ ការកាប់ឈើខុសច្បាប់ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃ និងចូលរួមដាំដើមឈើឲ្យបានច្រើនជាអតិបរមា ដើម្បីបង្កើនគម្របព្រៃឈើឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ប្រភព៖RFA