គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី៩ កក្កដា រៀបចំពិធីបុណ្យគម្រប់ខួប ១ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ គណបក្សនេះក៏អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យថ្មីមួយ ដើម្បីស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងក្នុងពិធីនេះដោយជំរុញឲ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេតលើករណីឃាតកម្មលើបណ្ឌិត កែម ឡី នេះបន្ថែមទៀត ពីព្រោះថា ការបាញ់សម្លាប់បណ្ឌិត កែម ឡី រយៈពេល ១ឆ្នាំមកហើយ នៅមិនទាន់រកឃើញឃាតកក្រៅពីឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះនៅឡើយ។លោក យ៉េង វីរៈ បញ្ជាក់ថា រដ្ឋាភិបាលគួរតែស្នើសុំឲ្យភាគីអន្តរជាតិ មកជួយស៊ើបអង្កេតលើករណីឃាតកម្មនេះ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារបណ្ឌិត កែម ឡី និងពលរដ្ឋខ្មែរទូទៅដែលគោរពស្រឡាញ់លោក កែម ឡី។
ប្រភព៖RFA