គណបក្សសង្គ្រោះជាតិចាប់ផ្តើមដកស្លាកដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា ចាប់ដៃគ្នាចេញជាបណ្តើរៗហើយនៅមុនពេលច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសចូលជាធរមាននៅក្នុងពេលឆាប់ខាងមុខនេះ។
លោក មុំ ប៉ាច សមាជិកគណបក្សសង្គ្រោះជាតិនៅសង្កាត់ព្រែកកំពឹសក្នុងខណ្ឌដង្កោបានឲ្យដឹងថាសង្កាត់របស់លោកបានចាប់ផ្តើមដកស្លាកដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា ចាប់ដៃគ្នាចេញ ចាប់តាំងពីថ្ងៃដែលរដ្ឋសភា អនុម័តច្បាប់ស្តីពីគណបក្សនយោបាយមកម្ល៉េះ។ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គឹម សួរភីរិទ្ធ និងលោក គី វ៉ាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាគណបក្សសង្គ្រោះជាតិបានសម្រេចរួចហើយថានឹងលុបមិនត្រឹមតែរូបអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ពីស្លាកគណបក្សទេ ប៉ុន្តែថែមទាំងនឹងលុបរូបលោក កឹម សុខា ដែលជាប្រធានបច្ចុប្បន្នផងដែរដើម្បីការពារមិនឲ្យមានការរំលាយគណបក្សពីសំណាក់គណបក្សប្រជាជនដែលកំពុងកាន់អំណាច បន្ទាប់ពីច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើឲ្យធ្វើវិសោធនកម្មម្ដងជា ២ ដងពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍