មន្ត្រីនគរបាលជាន់ខ្ពស់ប្រមាណ ១០០ នាក់បានជួបប្រជុំកាលពីម្សិលមិញនៅអគ្គស្នងការនគរបាលជាតិក្នុងក្រុងភ្នំពេញបំណងដើម្បីដាក់ចេញពង្រឹងវិធានការជំនាញគ្រប់គ្រង និងក្ដាប់ព័ត៌មានតាមបណ្ដាញសង្គម facebook គ្រប់សមាសភាពនៃអង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ញុះញង់ បង្កអស្ថិរភាពដល់សង្គម និងបង្កើតឲ្យមានការច្របូកច្របល់ខាងនយោបាយគ្រប់រូបភាព។យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ ការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆមាសទី ១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០១៧ បានឲ្យដឹងថាក្រុមដែលមាននិន្នាការប្រឆាំង (ទាំងក្នុង និងក្រៅប្រទេស) សំដៅរកឃើញ និងចាត់វិធានការបន្សាបឥទ្ធិពល ឬ លុបបំបាត់នូវឧបាយកលញុះញង់បំបែកបំបាក់សាមគ្គីភាពប្រជាជាតិ ការប៉ុនប៉ងបង្កអស្ថិរភាពសង្គម និងបង្កើតឲ្យមានភាពច្របូកច្របល់ខាងនយោបាយគ្រប់រូបភាព។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍