លោក សួន សេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរ បានថ្លែងថា ការដករូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងលោក សម រង្ស៊ី ចេញពីស្លាកគណបក្ស ប្រហែលជាមានបញ្ហាធំ នៅក្នុងផ្ទៃក្នុងរបស់បក្ស។គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំផ្ទៃក្នុងបក្សរបស់ខ្លួន ដើម្បីពិភាក្សា ក្នុងការរុះរើស្លាកគណបក្ស។ ជាលទ្ធផលកិច្ចប្រជុំ បានសម្រេចដករូបលោក សម រង្ស៊ី និងរូបលោក កឹម សុខា ចេញពីបក្សដោយដាក់រូបថ្មីជំនួសវិញ គឺដាក់តែរូបសញ្ញាព្រះអាទិត្យ។ ក្នុងនោះគណបក្សក៏បានដាក់ផែនការ ដើម្បីផ្សព្វផ្សាយបន្ត ទៅគណបក្សនៅគ្រប់រាជធានី-ខេត្ត ឲ្យចាប់ផ្តើមរុះរើ។លោក សួន សេរីរដ្ឋា បានឲ្យដឹង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ថា “ការដកតែលោក សម រង្ស៊ី ដើម្បីកុំឲ្យមានភាពខុសច្បាប់វាអត់អីទេ ប៉ុន្ដែដកទាំងលោក កឹម សុខា ប្រធានកំពុងកាន់ដំណែងហ្នឹង ខ្ញុំយល់ឃើញថា ប្រហែលជាមានបញ្ហាអីហើយ”។
ប្រភព៖មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល