លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ តាមរយៈ Facebook របស់លោកបានថ្លែងអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តនានា ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទឹកជំនន់ និងបាតុភូធម្មជាតិផ្សេងៗទៀត ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់។ជាមួយគ្នានេះលោក ក៏បានបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងកាកបាទក្រហម ចុះជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ។លោកនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ កុំបណ្តោយកូនចៅឲ្យទៅលេងទឹកនៅខាងក្រៅ តាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយទឹក ដែលអាចងាយមានគ្រោះថ្នាក់។ សូមបងប្អូនប្រជាពលរដ្ឋ ទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ច និងកាកបាទក្រហមជាបន្ទាន់នៅពេលត្រូវ ការជំនួយសង្រ្គោះបន្ទាន់ចាំបាច់នានា។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងកងម្លាំងសមត្ថកិច្ចជួយសម្រួល អោយកូនចៅប្រជាពលរដ្ឋ បានទៅសាលារៀនដូចធម្មតា និងចុះជួយសាងសង់លំនៅដ្ឋាន ខូចខាតជូន ប្រជាពលរដ្ឋយើងឲ្យមានជម្រក រស់នៅធម្មតាឡើងវិញ»៕
ប្រភព៖Fresh news