បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា បានសម្រេចអនុម័ត និងក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសទទួលស្គាល់កាលពីរសៀលម្សិលមិញ នៅពេលនេះ សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបានធ្លាក់ដល់ដៃរដ្ឋាភិបាលកម្ពុជាហើយ។ ជំហានបន្ទាប់ និងចុងក្រោយ រដ្ឋាភិបាលនឹងបញ្ជូនវិសោធនកម្មច្បាប់នេះ ទៅកាន់ប្រមុខរដ្ឋស្តីទី ដើម្បីចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ប្រហែលជាមិនផុតពីសប្តាហ៍នេះទេ សេចក្តីស្នើវិសោធនកម្មថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយអាចនឹងត្រូវប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីការចុះហត្ថលេខាដោយលោកសាយ ឈុំ ដែលកំពុងកាន់តួនាទីជាប្រមុខរដ្ឋស្តីទី។ លោកសាយ ឈុំ ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាផង នឹងប្រកាសឲ្យប្រើប្រាស់ច្បាប់គណបក្សនយោបាយថ្មីដ៏ចម្រូងចម្រាសនេះជំនួសព្រះមហាក្សត្រកម្ពុជាដែលបានយាងចេញទៅពិនិត្យព្រះរាជសុខភាពនៅឯស្រុកចិន។
ប្រភព៖RFI