ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដាស់តឿន ក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ បន្តឃ្លាំតាមដានមើល និងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងខ្យល់កន្ត្រាក់ ឲ្យបានទាន់សភាពការណ៍។ នេះបើតាម Facebook ផ្លូវការរបស់សម្តេចតេជោ ចុះផ្សាយនៅព្រឹកនេះ។លោក ហ៊ុន សែន បានបន្តអំពាវនាវតាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវបន្តឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍។ សូមបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច»។
ប្រភព៖Fresh news