លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅចំពោះ កម្មករ-កម្មការិនីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខកម្មករ និយោជិត ទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងបានដំឡើងប្រាក់ខែ ជូនពួកគាត់រៀងរាល់ឆ្នាំផងដែរ តួយ៉ាងនៅឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករក្នុងវិស័យកាត់ដេរ និងស្បែកជើងបានឡើងដល់ ១៥៣ដុល្លារ។លោករដ្ឋមន្ត្រីបានថ្លែង ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីចំនួន ៥០០នាក់ នៅក្រុមហ៊ុនញូស្តារ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិត គ្រប់ទីកន្លែង ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស»។
ប្រភព៖សារព័ត៌មានដើមអម្ពិល