គណបក្សប្រឆាំងនឹងមិនទទួលខុសត្រូវចំពោះបុគ្គលណានៅក្នុងគណបក្សដែលទាក់ទងជាមួយលោក សម រង្ស៊ី នោះទេដែលនេះគឺជាផ្នែកមួយរបស់គណបក្ស ដើម្បីទប់ទល់ទៅនឹងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែបានចូលជាធរមានកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាក្នុងនាមជាប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខា។ នេះបើតាមលោក គឹមសួរភិរិទ្ធ តំណាងរាស្ត្រគណបក្រសង្គ្រោះជាតិ។ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ម្តងហើយម្តងទៀត ក្នុងរយៈពេលថ្មីៗកន្លងមកនេះក្រោមហេតុផល ដើម្បីហាមប្រាមទណ្ឌិតមិនឲ្យចូលរួមជាមួយគណបក្សនយោបាយ។ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍ចាត់ទុកថា ច្បាប់នេះត្រូវបានគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងដើម្បីបញ្ចប់ជីវិតនយោបាយរបស់ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ខណៈដែលលោក សម រង្ស៊ី ត្រូវបានកាត់ទោសក្លាយជាទណ្ឌិតពាក់ព័ន្ធនឹងករណីជាច្រើនដែលត្រូវបានគេចាត់ទុកថាជារឿងនយោបាយ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍