លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗថា ពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ហើយមិនទាន់ចុះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៦ នៅឆ្នាំ២០១៨ មានពីរប្រភេទ គឺទីមួយ ពលរដ្ឋ ដែលចំណាកស្រុក ទៅរស់នៅនិងធ្វើការនៅក្រៅប្រទេស ហើយទីពីរ គឺពលរដ្ឋ នៅក្នុងប្រទេស។ អ្នកនាំពាក្យគ.ជ.ប រូបនេះ និយាយដូច្នេះថា៖«ពលរដ្ឋ ដែលចំណាកស្រុកជាង១លាននាក់ មិនទាន់ចុះឈ្មោះ។ ហើយពលរដ្ឋផ្សេងទៀត នៅក្នុងប្រទេស បូកទាំងពលរដ្ឋ ដែលទើបនឹងគ្រប់អាយុ ផងដែរ»។ បើតាមលោក ហង្ស ពុទ្ធា ការរៀបចំចុះឈ្មោះបោះឆ្នោតនេះ គឺសម្រាប់តែពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ប៉ុណ្ណោះ។ លោក ធ្លាប់បញ្ជាក់ថា ពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅ គឺអាចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាពេលខាងមុខតែម្តង ដោយពួកគេ មិនចាំបាច់ទៅចុះឈ្មោះ ម្តងទៀតឡើយ។
ប្រភព៖សារព័ត៌មានថ្មីៗ