លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា បើអត់ពីលោកទៅគណបក្សប្រឆាំងក៏មិនអាចគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធបានឡើយ។ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានព័ត៌មានមួយចំនួននៅតាមហ្វេសប៊ុក ដែលលោក ហ៊ុន សែន ថាបានបំផុសបំផុលថាលោក«ស្លាប់»។ឆ្លើយតបករណីនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត ដែលធ្វើនៅភ្នំពេញ នៅថ្ងៃទី១ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា «យកល្អទុកឲ្យ ហ៊ុន សែន រស់ បើបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ»។លោក ហ៊ុន សែន បន្តថា ការអំពាវនាវទៅកាន់សមាជិក សមាជិការគណបក្សប្រឆាំងគឺមិនគ្រប់គ្រាន់ទេ ដោយលោកបានអំពាវនាវឲ្យមេបក្សប្រឆាំងមើលសមាជិក របស់ខ្លួនដោយលោកថា «បើសិនជាបន់ឲ្យហ៊ុន សែនស្លាប់ អ្នកឯងហ្នឹងគ្រោះថ្នាក់មុនគេទេ។ វាជាទីកន្លែងកប់ខ្មោចរបស់អស់លោក»។
ប្រភព៖VOD