នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៣ ខែសីហានេះ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិក ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត មុនពួកគេចេញយុទ្ធនាការប្រកួត លក្ខណៈអន្ដរជាតិ នាពេលឆាប់ៗខាងមុខ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់ ដ៏ខ្ពងខ្ពស់របស់លោក ហ៊ុន សែន ដែលតែងតែចូលរួមគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ឲ្យមានការរីកចម្រើន ដូចពេលបច្ចុប្បន្ន ពិសេសគឺការផ្ដល់នូវភាពកក់ក្ដៅ ដល់ប្រតិភូ ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី រាល់ពេលចេញទៅប្រកួត លើឆាកអន្ដរជាតិម្ដងៗ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល