លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាល លធ. ខប តំណាងគណបក្សនយោបាយ និងអង្គការមិន មែនរដ្ឋាភិបាល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ លោក ស៊ិក ប៊ុនហុក បានមានប្រសាសន៍ថា “បញ្ជីបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៧ មានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ត្រូវយកទៅប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើស តំណាងរាស្រ្ដ នីតិកាលទី៦ នាឆ្នាំ២០១៨ខាងមុខ”។លោកបន្ដថា នីតិវិធីនៃការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ មានលក្ខណៈស្មុគស្មាញជាងនីតិវិធី ពេលចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦កន្លងទៅទៀត ដូច្នេះ ទាមទារឲ្យមន្រ្ដីពាក់ព័ន្ធទាំងអស់ ត្រូវយល់ឲ្យច្បាស់អំពីបទបញ្ជា និងនីតិវិធីសម្រាប់ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ព្រោះកាលពីឆ្នាំមុន គ.ជ.ប បានរៀបចំចុះឈ្មោះបោះឆ្នោតថ្មី ទាំងអស់ តែលើកនេះវិញ មានចុះឈ្មោះបោះឆ្នោតផង ផ្ទេរផង លុបផង។
ប្រភព៖សារព័ត៌មានដើមអម្ពិល