លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកខ្លួនចេញពីការអះអាងថា នឹងប្រើគល់ឫស្សីវាយ ក្បាលអ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត នៅពេលខាងមុខ។ការបកស្រាយរបស់ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ គឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ដោយថា តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី គឺត្រូវទប់ស្កាត់មិនឲ្យអ្នកធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៨នេះទេ ហើយបើមានការតវ៉ា លោក វង សូត បាននិយាយថា «នឹងប្រើគល់ឫស្សីវាយក្បាលអ្នកតវ៉ា»។ប៉ុន្តែក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ខែសីហានេះ លោក ហ៊ុន សែន បានថ្លែងថា នៅពេលប្រជុំបក្សនោះ លោកមិនបាននិយាយថាប្រើគល់ឫស្សី វាយសំពងអ្នកតវ៉ា ដូច លោក វង សូត និយាយនោះទេ ប៉ុន្តែលោក ហ៊ុន សែន ថាគណបក្សកាន់អំណាចពិតជាមានគម្រោងបង្ក្រាបទៅលើក្រុមអ្នកតវ៉ាពិតប្រាកដមែន។
ប្រភព៖VOD