គណបក្សសង្គ្រោះជាតិ បានកំណត់ថា រយៈពេលមួយសប្តាហ៍ទៀត រូបលោក សម រង្ស៊ី និងលោក កឹម សុខា នឹងត្រូវដកចេញឲ្យអស់ ពីផ្ទាំងផ្សព្វផ្សាយចាស់ នៅទូទាំងប្រទេស។ ឥឡូវនេះ គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមរុះរើ និងផ្លាស់ប្តូរផ្ទាំងផ្សព្វផ្សាយរបស់ខ្លួន ជាបណ្តើរៗហើយ។ព្រោះតែព្រួយបារម្ភនឹងការប្រឈមចំពោះមាត្រាថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងត្រូវបានសរសេរបន្ថែមដោយគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ ត្រូវតែរួសរាន់ក្នុងការដករូបលោក សម រង្ស៊ី ដែលឈរកាន់ដៃជាមួយលោក កឹម សុខា ចេញពីស្លាកសញ្ញា ឬក៏ហៅថាផ្ទាំងផ្សព្វផ្សាយ ឲ្យបានលឿន តាមតែអាចធ្វើទៅបាន។ ប្រសិនបើមិនដករូបលោក សម រង្ស៊ី ដែលមានឈ្មោះជាអ្នកទោស ចេញពីផ្ទាំងផ្សព្វផ្សាយឲ្យទាន់ពេលវេលានោះទេ គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវប្រឈមនឹងផ្លូវច្បាប់។
ប្រភព៖សារព័ត៌មានថ្មីៗ