លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា គណបក្សកាន់អំណាច មានជំហរពិតប្រាកដ ក្នុងការដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត តាមកំណើនសេដ្ឋកិច្ចជាតិ ពោលគឺមិនដូចគណបក្សនយោបាយនានានោះឡើយ។លោក សុខ ឥសាន បានឲ្យដឹង តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ថា គ្មានគណបក្សនយោបាយណា មានឆន្ទៈចង់ដំឡើងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឈ្នួលកម្មករនិយោជិត ជាងគណបក្សប្រជាជនកម្ពុជាទេ។ គណបក្សនានា បានតែនិយាយ តែធ្វើមិនកើត ។ ឯគណបក្សប្រជាជនកម្ពុជា បើហ៊ានថា គឺពិតជាហ៊ានធ្វើ និងអាចធ្វើបាន មិនអួតអាងចោលទេ ។ ប៉ុន្តែការដំឡើងប្រាក់ខែ និងប្រាក់ឈ្នួលកម្មករនិយោជិត ត្រូវអនុវត្តជាជំហ៊ានៗ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ។
ប្រភព៖សារព័ត៌មានដើមអម្ពិល