គណៈកម្មការយុវជននៃក្រសួងបរិស្ថាននឹងរៀបចាំឲ្យមានវេទិកាយុវជនឆ្នើមថ្នាក់ជាតិដើម្បីជជែកពិភាក្សាពីបញ្ហាបរិស្ថាន និងដើម្បីពិនិត្យលើលក្ខណៈវិនិច្ឆ័យក្នុងការដាក់ពិន្ទុផងដែរ។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន។វេទិកាពិភាក្សាគ្នារវាងយុវជនស្តីពីបញ្ហាបរិស្ថាននឹងចាប់ផ្តើមដំណាក់កាលដំបូងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការ លោក ឃុត ចាន់តារា បានលើកឡើងថា លក្ខណៈវិនិច្ឆ័យ៧ត្រូវបានអនុម័តក្នុងការផ្តល់នូវកំណែ និងដាក់ពិន្ទុ សម្រាប់កិច្ចជជែកពិភាក្សាយុវជនឆ្នើមថ្នាក់ជាតិលើបញ្ហាបរិស្ថានឆ្នាំ២០១៧។ វេទិកាយុវជនឆ្នើមថ្នាក់ជាតិស្តីពីបញ្ហាបរិស្ថាន នឹងមានការចូលរួមពីយុវជនមកពីស្ថាប័នជំនាញ ដោយក្នុង១ក្រុមមានសមាជិក៤នាក់។ ការចូលរួមពិភាក្សាផ្តោតលើបញ្ហាមួយចំនួនដូចជា ចំណោទបញ្ហា និងការផ្តល់អំណះអំណាងលក្ខណៈវិទ្យាសាស្ត្រ រួមទាំងវិធីសាស្ត្របកស្រាយ និងវោហាសាស្ត្រ។
ប្រភព៖សារព័ត៌មានថ្មីៗ