លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ដល់គណបក្សប្រឆាំងនៅកម្ពុជា ដែលធ្វើអ្វីៗមិនគិតដល់សន្តិភាពនៅក្នុងប្រទេស។ សម្តេចបានថ្លែងចេញពីទីក្រុងតូក្យូថា គណបក្សប្រឆាំងអាចធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញដល់សន្តិភាពនេះ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតដល់សន្តិសុខ និងជីវិតប្រជាជនខ្មែរជានិច្ច។លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមិនមែនគ្រាន់តែគិតថា គណបក្សរបស់ខ្ញុំត្រូវតែឈ្នះនោះទេ។ យើងខ្ញុំត្រូវគិតដល់បរិយាកាសរួម នៃសន្តិសុខរបស់ប្រទេសជាតិ ខុសពីគណបក្សប្រឆាំង ដែលខ្វះការទទួលខុសត្រូវ គេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព ក៏ប៉ុន្តែយើងខ្ញុំក្នុងឋានៈនៃ បក្សកាន់អំណាច យើងខ្ញុំមានភារកិច្ចទទួលខុសត្រូវលើជីវិតប្រជាជន លើសន្តិសុខរបស់ប្រទេសជាតិ កុំឱ្យធ្លាក់ទៅក្នុងស្ថានភាពច្របូកច្របល់ និងគ្រោះថ្នាក់»។
ប្រភព៖Fresh news