អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានលើកឡើងថា ចំពោះការប្រើប្រាស់ពាក្យសម្តី របស់ឥស្សរជនជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា “បាក់ធ្មេញ” “គល់ឫស្សី” ឬ “មឈូស” គឺជាភាសាសាមញ្ញតែប៉ុណ្ណោះ។នាពេលកន្លងមក លោក ហ៊ុន សែន បានឲ្យត្រៀមក្តារមឈូស ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិ បានប្រើពាក្យវាយបំបាក់ធ្មេញ និងចុងក្រោយនេះ លោក វង សូត រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសង្គម និងអតីតយុវនីតិសម្បទា បាននិយាយថា ក្បាលនឹងគល់ឫស្ស៊ី ប្រសិនបើបក្សប្រឆាំង មិនទទួលស្គាល់លទ្ធផលបោះឆ្នោត។លោក ផៃ ស៊ីផាន បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ថា ការបកស្រាយរបស់លោកនេះ ដោយសារអ្នកមាននិន្នាការ មិនស្របរាជរដ្ឋាភិបាល ក៏ដូចជាអ្នកតាំងខ្លួន ជាអ្នកវិភាគនយោបាយ ដែលមានចរិត តតាំងជាមួយលោក ហ៊ុន សែន ដោយយកពាក្យពេចន៍របស់លោក ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់មកបំភ្លៃ ដោយអ្នកទាំងនោះ កែច្នៃ លាបពណ៌ ធ្វើឲ្យសាធារណជនយល់ច្រឡំ និងមានការភិតភ័យ។
ប្រភព៖សារព័ត៌មានដើមអម្ពិល