សមាជិកសភាគណបក្សប្រឆាំងជាច្រើនរូប បានស្នើកែប្រែច្បាប់បោះឆ្នោត ដោយថា ដើម្បីអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេស អាចបោះឆ្នោតដូចពលរដ្ឋឯទៀត។ ប៉ុន្តែការស្នើនេះ ត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាចរិះគន់ថា ជាបំភាន់មតិមហាជនទៅវិញ។យោងតាមសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលចុះហត្ថលេខាដោយសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិចំនួន៣៣រូប កាលពីថ្ងៃទី១១សីហានេះ ពួកគេបានស្នើទៅប្រធានរដ្ឋសភា លោក ហេង សំរិន ទទួលយកទៅពិនិត្យ និងអនុម័តនូវមាត្រាចំនួន៣ ដោយថា ដើម្បីរៀបចំការចុះឈ្មោះ និងបោះឆ្នោតដល់ពលករខ្មែរ កំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេស។ក្នុងសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត សមាជិកសភាគណបក្សសង្គ្រោះជាតិស្នើថា «គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវសម្រេចបង្កើតការិយាល័យមួយឬច្រើន នៅតាមច្រកព្រំដែនអន្ដរជាតិ ឬស្ថានទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសនីមួយៗ ដែលមានប្រជាពលរដ្ឋខ្មែរបាននឹងកំពុងធ្វើការ ឬរស់នៅ ដើម្បីបង្កភាពងាយស្រួលក្នុងការចុះឈ្មោះ និងការបោះឆ្នោត»។
ប្រភព៖VOD