អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចង់ឲ្យមានដំណើរការប្រកបដោយសន្តិវិធី សម្រាប់គ្រប់ភាគីមានឱកាសស្មើគ្នាបញ្ចេញមតិយោបល់ ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចសម្រេចចិត្តបានត្រឹមត្រូវដោយគ្មានការគាបសង្កត់ និងការបំភិតបំភ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ថ្លែងក្រោយជំនួបជិត ២ម៉ោងជាមួយមេបក្សប្រឆាំង លោក កឹម សុខា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៤ សីហា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា អ្នកស្រីតាមដានដោយយកចិត្តទុកដាក់ចំពោះការវិវឌ្ឍន៍ស្ថានភាពសិទ្ធិមនុស្សនានាក្នុងប្រទេសនេះ៖ «ហើយពេលទៅមុខ ខ្ញុំចង់ឲ្យមានដំណើរការប្រកបដោយសន្តិវិធី ហើយគ្រប់ភាគីមានឱកាសស្មើគ្នាបញ្ចេញមតិយោបល់ និងចែករំលែកព័ត៌មាន ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចសម្រេចចិត្តបានត្រឹមត្រូវ ជ្រើសរើសអ្នកដឹកនាំក្នុងការបោះឆ្នោតតំណាងរាស្ត្រ ដោយគ្មានការគាបសង្កត់ និងការបំភិតបំភ័យ»។
ប្រភព៖RFA